ការច្រណែនឈ្នានីសជាកត្តាធ្វើអោយកើតជម្ងឺ
ការសិក្សាស្រាវជ្រាវរកឃើញថា ការច្រណែនឈ្នានីស ព្រោះឃើញអ្នកដទៃល្អជាងខ្លួនអាចធ្វើអោយកើតជម្ងឺបេះដូង ទឹកនោមផ្អែមនិងលើសឈាម។
ក្នុងការស្រាវជ្រាវដែលមានឈ្មោះថា តើអ្នកមានស្តុកស្តម្ភជាមូលហេតុធ្វើអោយអ្នកមានជម្ងឺដែរឬអត់? អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យស៊ីកាហ្គោ សហរដ្ឋអាមេរិក បានស្នើសុំអោយអ្នកស្ម័គ្រចិត្តបុរស ស្រ្តី ៣០០០នាក់ មានអាយុពី៥៧ ដល់៨៥ឆ្នាំ ផ្តល់ពិន្ទុសុខភាពនិងបញ្ជាក់ពីរោគប្រចាំខ្លួនដូចជាជម្ងឺបេះដូងនិងទឹកនោមផ្អែមរួមទាំងរៀបចំលំដាប់ថ្នាក់ហិរញ្ញវត្ថុរបស់ខ្លួនធៀបនឹងមិត្តភក្តិ ក្រុមគ្រួសារ អ្នកជិតខាង និងអ្នករួមការងារ។
លទ្ធផលនៃការវិភាគបង្ហាញថា ក្រុមអ្នកស្ម័គ្រចិត្តដែលមានប្រាក់ខែតិច គឺមានបញ្ហាសុខភាព ជាពិសេសជម្ងឺបេះដូង។ ផ្ទុយទៅវិញ សម្រាប់អ្នកមានទ្រព្យសម្បត្តិមានជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាមថយចុះ។
អ្នកស្រាវជ្រាវបានលើកឡើងក្នុងរបាយការណ៍ថា ភាពក្រីក្រមានការពាក់ព័ន្ធនឹងបញ្ហាសុខភាព ឯតំណែងនៅក្នុងសង្គមក៏ពាក់ព័ន្ធក្នុងរឿងនេះដែរ។ លោក ចេណេ វីវ ហ្វាមឃែនធើរ មកពីមហាវិទ្យាល័យស៊ីកាហ្គោថ្លែងថា ការច្រណែនឈ្នានីស និងភាពក្រីក្រអាចធ្វើអោយសុខភាពបេះដូងធ្លាក់ចុះបាន។
ការច្រណែនឈ្នានីសធ្វើអោយអ្នកខ្លះមានភាពតានតឹងក្នុងអារម្មណ៍ខុសប្រក្រតីគឺព្យាយាមរិះរកវិធីដើម្បីបានប្រាក់ទិញរថយន្តដែលជានិមិត្តរូបនៃការលើកមុខ លើកមាត់ក្នុងសង្គម ឬសង់ផ្ទះអោយធំស្កឹមស្កៃសម្រាប់ប្រជែងនឹងអ្នកជិតខាង៕